- បណ្តាញសារព័ត៍មាន កោះពេជ្រ ធីវីអនឡាញ
www.kohpichtvonline.com.kh /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយបណ្តាញសារព័ត៍មាន កោះពេជ្រ ធីវីអនឡាញ

Breaking

 

ខ្សឹបដាក់ត្រចៀក ! បែកធ្លាយករណីរថយន្តវ៉េអង២គ្រឿងដឹកសម្ភារបរិក្ខាអេឡិចត្រូនិកឆ្លងដែនខុសច្បាប់ទៅវៀតណាម ទំនងបន្លំឯកសារបង់ពន្ធសុទ្ធសាធ

ដោយនាយប្រុញ !

ខេត្តស្វាយរៀង÷ រថយន្តប្រភេទវ៉េអងចំនួន២គ្រឿង មានផ្ទុកទំនិញប្រភេទគ្រឿងបរិក្ខាអេឡិចត្រូនិកដូចជា ម៉ាសុីនត្រជាក់ ទូទឹកកក និងម៉ាសុីនបោកខោអាវ ដែលសង្ស័យថា ជាទំនិញគេចពន្ធ ត្រូវបានគេដឹកឆ្លងដែនទៅវៀតណាមដោយរលូន តាមច្រករបៀងចំការម្ទេស ស្ថិតនៅក្នុងឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀងកាលពីព្រលប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ ធ្វើឲ្យបាត់ចំណូលរដ្ឋដ៏ច្រើនសន្ធឹកសន្ធាប់ ព្រោះជាប្រភេទទំនិញដែលរដ្ឋតម្រូវឲ្យបង់ពន្ធខ្ពស់ និងចេញបញ្ជាឲ្យមន្ត្រីគយបង្ក្រាបយ៉ាងតឹងរុឹងបំផុត។

បើតាមសេចក្តីរាយការណ៍ឲ្យដឹងថាបច្ចុប្បន្នគ្រាន់តែច្រករបៀងចំការម្ទេសតូចមួយសោះក៏ល្បីល្បាញខ្លាំងណាស់ខាងទំនិញគេចពន្ធ ទំនិញក្លែងបន្លំឯកសារបង់ពន្ធមិនគ្រប់ ចេញចូលប្រទេសវៀតណាម-កម្ពុជា ក្រោមការគប់គិតពីមន្ត្រីសាខាគយខេត្តស្វាយរៀង ដឹកនាំដោយលោក សំ សុវណ្ណារិទ្ធិ និងមន្ត្រីគយចល័តតំបន់២ ដឹកនាំដោយលោក ទន់ ចាន់ធី។
ជាក់ស្តែងនៅក្បែរច្រករបៀងចំការម្ទេសមានឃ្លាំងផ្ទេរទំនិញចំនួន៣ មានរថយន្តដឹកទំនិញទាំងស្លាកលេខវៀតណាម និងខ្មែរ ដូចជារថយន្តខ្នាតយក្សប្រភេទវ៉េអង រថយន្តយីឌុបដឹកកុងទើន័រ និងរថយន្តប្រភេទផ្សេងៗទៀតរាប់សិបគ្រឿងក្នុងមួយថ្ងៃៗ បានដឹកទំនិញចេញចូលឆ្លងដែនយ៉ាងសកម្មបំផុតជាពិសេសពេលយប់តែម្តង ដែលសង្ស័យថាសុទ្ធតែជាទំនិញគេចពន្ធ។

ដូចករណីរថយន្តវ៉េអងចំនួន២គ្រឿងដឹកគ្រឿងអេឡិចត្រូនិកខាងលើ បើតាមសេចក្តីរាយការណ៍ឲ្យដឹងថា ផ្តើមចេញពីទំនាស់ផលប្រយោជន៍ ទើបបែកធ្លាយដល់អ្នកកាសែតក្នុងស្រុកតាមប្រម៉ាញ់ចុះផ្សាយព្រោងព្រាត។ ចំពោះទំនិញគ្រឿងអេឡិចត្រូនិកទាំង២រថយន្តនេះ បើតាមប្រភពបង្ហើបថា ត្រូវបានមេឈ្មួញមានអំណាចដឹកចេញពីប្រទេសវៀតណាមចូលមកកម្ពុជា តាមច្រកចំការម្ទេស ហើយផ្ទេរដាក់រថយន្តវ៉េអងដឹកចូលទៅប្រទេសវៀតណាមវិញតាមច្រកដដែល ដើម្បីគេចពន្ធ ដោយគប់គិតជាមួយមន្ត្រីជំនាញបន្លំឯកសារទំនិញ ធ្វើឲ្យបាត់ចំណូលជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់។

បើតាមមន្ត្រីយគយមួយរូបលួចខ្សឹបប្រាប់ឲ្យដឹងថា ប្រភេទទំនិញគ្រឿងអេឡិចត្រូនិកដែលនាំចូលពីប្រទេសទី៣គឺរដ្ឋតម្រូវយកពន្ធខ្ពស់។ បើបង់ពន្ធតាមច្បាប់ក្នុងចំណុះមួយរថយន្តវ៉េអង គឺតម្លៃពន្ធច្រើនជាង២មុឺនដុល្លារអាមេរិក ទើបក្រុមឈ្មួញលួចគប់គិតគ្នាជាមួយមន្ត្រីជំនាញចែកផលប្រយោន៍ហើយធ្វើឯកសារបន្លំជាទំនិញយថាប្រភេទជាដើម ដើម្បីបង់ពន្ធតិចតួចចូលរដ្ឋ។

បើនិយាយពីច្រកទ្វារព្រំដែននៅក្នុងខេត្តស្វាយរៀងទាំងមូល ទាំងច្រកទ្វារអន្តរជាតិ ច្រកទ្វារទ្វេភាគី និងច្រករបៀងសរុបជិត៣០ច្រក សុទ្ធតែមានមន្ត្រីគយនិងរដ្ឋាករសាខាខេត្តស្វាយរៀង មន្ត្រីគយចល័តតំបន់២ឈរជើងត្រួតពិនិត្យគ្រប់ច្រកល្អក និងតាមដងផ្លូវចាំប្រមូលពន្ធជូនរដ្ឋ ដែលមើលទៅដូចជាខំបម្រើជាតិខ្លាំងសម្បើមណាស់...(sick)។ ប៉ុន្តែផ្ទុយទៅវិញទំនិញគេចពន្ធគ្រប់រូបភាព ទំនិញហែកទូរកុងទើន័រដែលច្បាប់ហាមឃាត់ដាច់ខាតបែរជាអាចឆ្លងកាត់ស្នាក់ការធំគយចល័តតំបន់២ នៅតាមបណ្តោយផ្លូវជាតិលេ១ គ្រប់គ្រងដោយលោក ទន់ ចាន់ធី បានដោយរលូន បង្ហូរទំនិញខុសច្បាប់ចូលពេញឃ្លាំងនានា និងតាមទីផ្សារនៅក្នុងក្រុងភ្នំពេញ។

ក្រុមអាជីវករតូចតាចដឹកទំនិញដូចជាបន្លែផ្លែឈើ អីវ៉ាន់ចាប់ហ៊ួយ គ្រឿងទេស គ្រឿងសង្ហារឹម ម្តងម្កាលតែងលើគ្នាតវ៉ាជាមួយមន្ត្រីគយតាមច្រកទ្វារព្រំដែនក្នុងខេត្តស្វាយរៀង ព្រៃវែង និងជាពិសេសគឺស្នាក់ការគយចល័តតំបន់២ដែលដឹកនាំដោយលោក ទុន ចាន់ធី ដោយសារតែមន្ត្រីគយចេះតែតម្លើងថ្លៃក្បាលឡាននិងថ្លៃបាយទឹក។ តាមប្រភពពីអាជីវករឲ្យដឹងថា ឡានសាំយ៉ុងត្រូវបង់ពី១០មុឺនរៀលដល់៣០មុឺនរៀល និងរថយន្តធំៗពី៤០មុឺន ដល់៦០មុឺនរៀល ឬដល់ពាន់ដុល្លារក៏មានទៅតាមប្រភេទទំនិញហាមឃាត់ឬអត់ច្បាប់។ មួយថ្ងៃៗរថយន្តដឹកទំនិញគ្រប់ប្រភេទមិនតិចជាង៥០០គ្រឿង ឆ្លងកាត់ផ្លូវជាតិលេខ១​ទាំងចូលមកពីប្រទេសវៀតណាម ទាំងចេញពីប្រទេសកម្ពុជា សុទ្ធតែត្រូវបង់ថ្លៃបាយទឹក និងថ្លៃក្បាលឡានឲ្យដល់ស្នាក់ការមន្ត្រីគយចល័តំបន់២។ ឯក្រុមហ៊ុនដឹកជញ្ជូនធំៗមានបង់ថ្លៃបាយទឹកផង និងបង់ជាប្រចាំខែក៏មាន បើមិនដូច្នោះទេនឹងត្រូវមន្ត្រីគយក្រោមអំណាចលោក ទុន ចាន់ធី ឃាត់ត្រួតពិនិត្យទំនិញ បង្កការលំបាកដល់អាជីករមិនខានឡើយ។

ដូចករណីរថយន្តវ៉េអងចំនួន២គ្រឿង ដឹកសម្ភារអេឡិចត្រូនិកឆ្លងដែនទៅប្រទេសវៀតណាទមទាំងយប់តាមច្រករបៀងចំការម្ទេសកាលពីព្រលប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥នេះ បើគ្មានការគប់គិតបើកដៃពីមន្ត្រីសាខាគយខេត្តស្វាយរៀង និងមន្ត្រីគយចល័តតំបន់២ គឺក្រុមឈ្មួញមិនអាចធ្វើបានឡើយ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ មិនអាចស្វែងរកការបកស្រាយពីលោក សំ សុវណ្ណរិទ្ធិ ប្រធានសាខាគយខេត្តស្វាយរៀង និងលោក ទន់ ចាន់ធី ប្រធានការិល័យស្នាក់ការគយចល័តតំបន់២បានទេ៕








No comments:

Post a Comment

Pages