«ផ្សារបឹងត្របែកផ្លាហ្សា» កំពុងតែបង្កប់លេងល្បែងស៊ីសង ក្រោយឃើញមនុស្សប្រុសស្រីចេញចូលយ៉ាងកុះករ - សារព័ត៍មាន កោះពេជ្រ
www.kohpichtvonline.com.kh /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012411800 /រក្សាសិទ្ធគ្រប់យ៉ាង ដោយបណ្តាញសារព័ត៍មាន កោះពេជ្រ

Breaking

«ផ្សារបឹងត្របែកផ្លាហ្សា» កំពុងតែបង្កប់លេងល្បែងស៊ីសង ក្រោយឃើញមនុស្សប្រុសស្រីចេញចូលយ៉ាងកុះករ




រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់បឹងត្របែក បានសម្តែងការព្រួយបារម្ភ និងដាក់ការសង្ស័យជាខ្លាំង ចំពោះសកម្មភាពមិនប្រក្រតីនៅទីតាំង «ផ្សារបឹងត្របែកផ្លាហ្សា» ដែលស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយសារតែសង្កេតឃើញមានមនុស្សប្រុសស្រី ចេញចូលទីតាំងនេះយ៉ាងកុះករខុសពីធម្មតា។


តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្បែរទីតាំងខាងលើ បានរាយការណ៍ថា មួយរយៈពេលចុងក្រោយនេះ គេឃើញមានចរន្តមនុស្សប្រុសស្រីធ្វើដំណើរចេញចូលទីតាំងផ្សារនេះយ៉ាងអ៊ូអរ «ដូចហែរកឋិន» ទាំងយប់ទាំងថ្ងៃ ដែលទិដ្ឋភាពបែបនេះមិនសូវដូចជាការមកទិញទំនិញ ឬធ្វើអាជីវកម្មស្របច្បាប់ទូទៅនោះឡើយ។ ភាពមិនប្រក្រតីនេះ បានបង្កើតជាមន្ទិលសង្ស័យក្នុងចំណោមមហាជនថា ទីតាំងនេះអាចនឹងមានការបង្កប់នូវល្បែងស៊ីសងខុសច្បាប់ ឬហ្គេមអនឡាញណាមួយ ដែលកំពុងលួចលាក់ដំណើរការ បន្លំភ្នែកសមត្ថកិច្ច។



ក្តីកង្វល់របស់ប្រជាពលរដ្ឋ គឺផ្តោតសំខាន់ទៅលើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅក្នុងមូលដ្ឋាន ព្រោះទីតាំងល្បែងស៊ីសងជានិច្ចកាលតែងតែជាប្រភពដើមនៃបទល្មើសផ្សេងៗ ដូចជា អំពើចោរកម្ម លួច ឆក់ និងអំពើហិង្សាជាដើម ដែលផ្ទុយស្រឡះពីគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល។ ទាក់ទិននឹងការសង្ស័យពីមហាជនខាងលើនេះ គិតរហូតមកទល់ពេលនេះ មិនទាន់មានការបកស្រាយផ្លូវការ ឬរបាយការណ៍ចុះពិនិត្យណាមួយពីអាជ្ញាធរដែនដី ឬគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមននៅឡើយទេ។


ទោះជាយ៉ាងណា ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សំណូមពរយ៉ាងទទូចដល់អាជ្ញាធរមានសមត្ថកិច្ច ជាពិសេសកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់បឹងត្របែក និងអភិបាលនៃគណៈអភិបាលខណ្ឌចំការមន មេត្តាជួយចាត់កម្លាំងចុះធ្វើការស្រាវជ្រាវ ត្រួតពិនិត្យ និងវាយតម្លៃជាក់ស្តែងលើទីតាំង «ផ្សារបឹងត្របែកផ្លាហ្សា»នេះឱ្យបានឆាប់រហ័ស ដើម្បីផ្តល់ភាពស្អាតស្អំដល់អាជីវកម្មដែលស្របច្បាប់ និងដើម្បីលុបបំបាត់ក្តីបារម្ភរបស់ប្រជាពលរដ្ឋ ធានាបាននូវសន្តិសុខសង្គមទាំងស្រុង។សារព័ត៌មានយើងនឹងបន្តរង់ចាំការបកស្រាយ ឬចំណាត់ការបន្តពីអាជ្ញាធរពាក់ព័ន្ធជុំវិញករណីនេះ ដើម្បីជម្រាបជូនសាធារណជននៅពេលក្រោយ៕

No comments:

Post a Comment

Pages