កំពង់ចាម÷ប្រសាសន៍របស់លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ថ្លែងក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសង្គម ការងារនគរបាល សហគមន៍ ប្រចាំខែមីនា ឆ្នាំ២០២៦ និងការប្រកាសសម្រួលភារកិច្ចតែងតាំងមុខតំណែងមន្រ្តីនគរបាលជាតិ ប្រព្រឹត្តទៅនៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ ក្រោមការអនុវត្តតាមអនុសាសន៍ និងការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម។
នៅក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានត្រួតពិនិត្យ និងវាយម្លៃលើលទ្ធផលការងារដែលសម្រេចបាន តាមរយៈលទ្ធផលប្រចាំខែ ព្រមទាំងបានផ្ដល់នូវអនុសាសន៍ជាច្រើនដល់ មន្រ្តីនគរបាលជាតិ ដែលទើបទទួលបានការប្រកាសតែងតាំងមុខតំណែងថ្មី ដើម្បីណែនាំ និងតម្រង់ទិសមួយចំនួនដូចជា: ។១-បន្តលើកកម្ពស់ការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ដោយត្រូវអនុវត្តតាមផែនការសកម្មភាព ប្រកបដោយប្រសិទ្ធភាព។ ២-បន្ដការគ្រប់គ្រង់ ដឹកនាំបញ្ជា និងចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ក្នុងមូលដ្ឋាន ពិសេសក្មេងទំនើង។
៣-ត្រូវមានគំនិតច្នៃប្រឌិត និងវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហានានា និងពិនិត្យ មើលរាល់ចំណុចខ្វះខាតទាំងឡាយ ដើម្បីធ្វើការកែលម្អ និងកែទម្រង់ឲ្យមានលក្ខណៈល្អប្រសើរ។ ៤-បន្ដលើកកម្ពស់ប្រសិទ្ធភាពការងារឲ្យបានល្អប្រសើរ រួមទាំងការខិតខំបង្កើតស្នាដៃ និងសមិទ្ធផលថ្មីៗបន្ថែមទៀត ជូនអង្គភាព។ ៥-ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍសមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ និង ជំនាញពាក់ព័ន្ធពីថ្នាក់ខេត្ត រហូតដល់ថ្នាក់មូលដ្ឋាន ដើម្បីធានានិរន្តភាពការងារ ឱ្យកាន់តែខ្លាំងក្លា។៦-សភាពការណ៍ និងហេតុការណ៍ថ្មីៗ នៅមជ្ឈិមបូព៌ា។
៧-ត្រៀមអនុវត្តផែនការ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងការដោះស្រាយលំហូរចរាចរណ៍ ព្រមទាំងពង្រឹងវិធានការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក នាពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ។៨-ត្រូវបន្ដពង្រឹងសាមគ្គីភាព កិច្ចសហការ និងទំនាក់ទំនងការងារផ្ទៃក្នុងឲ្យបានល្អ រួមទាំងការពិនិត្យ និងកែលម្អរបៀបរបប និងលំហូរការងារតាមឋានានុក្រម ដើម្បីឲ្យដំណើរការ នៃការងារប្រព្រឹត្តទៅដោយរលូន និងសម្រេចបានលទ្ធផលជោគជ័យ ។ ជាចុងបញ្ចប់ លោកឧត្តមសេនីយ៍ស្នងការ បានថ្លែងការអរគុណ និងលើកការកោតសរសើរដល់គ្រប់កងកម្លាំង ចំពោះការខិតខំអនុវត្តតាមទិសដៅដែលបានចេញ រហូតទទួលបានលទ្ធផលល្អប្រសើរ គួរឱ្យកត់សម្គាល់ ៕

























No comments:
Post a Comment