- សារព័ត៍មាន កោះពេជ្រ
www.kohpichtvonline.com.kh /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012411800 /រក្សាសិទ្ធគ្រប់យ៉ាង ដោយបណ្តាញសារព័ត៍មាន កោះពេជ្រ

Breaking

 

ក្រសួងបរិស្ថាន សម្រេចផ្អាកដំណើរផលិតកម្មរោងចក្រកែច្នៃអាលុយមីញ៉ូម នៅខេត្តស្វាយរៀង ជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញការគ្រប់គ្រងសំណល់មិនបានត្រឹមត្រូវ និងធ្វើឱ្យប៉ះពាល់បរិស្ថាន

07-03-2026 09:42

(ស្វាយរៀង)៖ ក្រុមការងារជំនាញក្រសួងបរិស្ថាន ដោយមានការសហការពីតំណាងរដ្ឋបាលក្រុងបាវិត ក្រុមប្រឹក្សាសង្កាត់ច្រកម្ទេស មន្ទីរបរិស្ថានខេត្តស្វាយរៀង និងអាជ្ញាធរមូលដ្ឋាន នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ បានរកឃើញក្រុមហ៊ុន JT ALUMINUM INDUSTRY (CAMBODIA) CO., LTD. ដែលជាប្រភេទរោងចក្រកែច្នៃអាលុយមីញ៉ូម និងមានទីតាំងនៅភូមិដំបូកជួរ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង បានដំណើរការផលិតកម្ម ដោយមិនទាន់មានឯកសារ លើរបាយការណ៍ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន បានធ្វើការទុកដាក់សំណល់ភក់ និងការបញ្ចេញសំណល់រាវ ពុំបានត្រឹមត្រូវ តាមបទដ្ឋានបរិស្ថាន និងនាំឱ្យមានការប៉ះពាល់ដល់បរិស្ថាន។

ក្រសួងបរិស្ថាន បានសម្រេចឱ្យក្រុមហ៊ុនផ្អាកដំណើរផលិតកម្មជាបណ្តោះអាសន្ន និងត្រូវបញ្ឈប់ការបង្ហូរសំណល់រាវជាបន្ទាន់ ទោះរូបភាពណាក៏ដោយ។ ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុន ពន្លឿនការស្នើសុំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងត្រូវរៀបចំលិខិតអនុញ្ញាត ពាក់ព័ន្ធទាក់ទងនឹងវិស័យបរិស្ថានឱ្យបានត្រឹមត្រូវ ជាពិសេសលើការគ្រប់គ្រងសំណល់រឹង រាវ ដើម្បធានាភាពស្អាត និងមិនប៉ះពាល់សុខភាពបរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ។ លើសពីនេះ ក្រុមហ៊ុនត្រូវទទួលរងពិន័យអន្ដរការណ៍ យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិ ត្រង់មាត្រា៨២៦ និងអនុលោមតាមមាត្រា២៨៧ និងមាត្រា ៦៦៨។

សូមបញ្ជាក់ថា ក្រុមការងារជំនាញបានយកសំណាកសំណល់រាវ និងសំណាកទឹក នៅក្នុងប្រឡាយទឹកចំនួន ៦សំណាក មកធ្វើការវិភាគនៅមន្ទីរពិសោធន៍ក្រសួងបរិស្ថាន និងតាមដានបន្ថែម ករណីមានត្រីងាប់ នៅក្នុងប្រឡាយភាគខាងត្បូង ក្បែរទីតាំងក្រុមហ៊ុន។ ក្រុមការងារបានពិនិត្យឃើញថា ស្ថានភាពទឹកប្រឡាយមានពណ៌ក្រម៉ៅ និងមានក្លិនស្អុយ។

ក្រុមការងារបានត្រួតពិនិត្យតាមដងប្រឡាយឃើញថា មានប្រព័ន្ធលូជាច្រើនចេញពីបណ្ដាក្រុមហ៊ុន ដែលកំពុងដំណើរការ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ-ផាក តភ្ជាប់ចូលក្នុងប្រឡាយ។ នៅក្នុងប្រឡាយទឹកមួយកន្លែង ដែលពាក់ព័ន្ធនឹងរោងចក្រមួយចំនួន របស់តំបន់សេដ្ឋកិច្ចពិសេស ហាយ-ផាក នឹងហូរបន្តទៅបឹងខ្វាង៕

Bottom ads banner
Bottom ads banner
Bottom ads banner

No comments:

Post a Comment

Pages