តាកែវ÷អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ បានចាត់តាំងមន្ត្រីចំនួន៥រូប ឲ្យចុះអង្កេតស្រាវជ្រាវករណីបណ្ដឹងរបស់ពលរដ្ឋ លើអភិបាលរងខេត្តតាកែវម្នាក់ និងអភិបាលស្រុកបាទី រួមទាំងប្រធាន ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកបាទី ដោយចោទថា បានប្រើប្រាស់អំណាច និងតួនាទីដើម្បីយកដីប្រជាពលរដ្ឋស្របច្បាប់ទៅឲ្យអ្នកផ្សេង។ ការចុះអង្កេតស្រាវជ្រាវនេះ ធ្វើឡើងដោយយោងលើពាក្យបណ្តឹង ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ របស់លោកស្រី ចក់ គន្ធា នៅភូមិរលាំងគ្រើល ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ និងចំណារដ៏ខ្ពង់ខ្ពស់របស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥។
យោងតាមលិខិតរបស់អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ដែលជម្រាបជូនលោក វ៉ី សំណាង អភិបាលនៃអភិបាលខេត្តតាកែវ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ បានបញ្ជាក់ថា ក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្ដឹងពីលោកស្រី ចក់ គន្ធា ដែលបានប្តឹងលោក ម៉ឹង វុធី អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ លោក ភួន ឈឹម អភិបាលនៃគណៈអភិបាលស្រុកបាទី និងលោក ទូច សារុន ប្រធាន ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកបាទី ថា បានគប់គិតគ្នាប្រើប្រាស់អំណាច និងតួនាទីគាបសង្កត់ គំរាមកំហែង បំភិតបំភ័យ ដើម្បីយកដីប្រជាពលរដ្ឋ និងដីដែលមានប័ណ្ណកម្មសិទ្ធិប្រគល់ឱ្យឈ្មោះ នី អៀម។
អគ្កាធិការដ្ឋានក្រសួងមហាផ្ទៃ បញ្ជាក់បន្ថែមថា ក្នុងបេសកកម្មចុះអង្កេតស្រាវជ្រាវលើករណីនេះ អគ្គាធិការដ្ឋាន បានចាត់តាំងលោក អ៊ុក ប៊ុនធឿន អនុប្រធាននាយកដ្ឋាន ទទួលពាក្យបណ្ដឹង និងអង្កេតស្រាវជ្រាវកិច្ចការរដ្ឋបាល នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងសហការីចំនួន ០៤រូប ឱ្យបំពេញបេសកកម្មនៅរដ្ឋបាលខេត្តតាកែវ ចាប់ពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ តទៅ។អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ក៏សូមឲ្យលោក វ៉ី សំណាង អភិបាលខេត្តតាកែវ ផ្តល់កិច្ចសហការជាមួយក្រុមការងារ ដើម្បីបំពេញភារកិច្ចប្រកបដោយភាពជោគជ័យ៕

No comments:
Post a Comment