ACU រកឃើញអធិការរងស្រុកបវេលម្នាក់ ទទួលលុយ ៧៧៤,០០០ដុល្លារ ពីមេក្លោង Online Scam ជាថ្នូររត់ការដោះលែងខុសច្បាប់
29-09-2025 19:52
(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) រកឃើញអធិការរងនគរបាលស្រុកបវេល ខេត្តបាត់ដំបងម្នាក់ឈ្មោះ វ៉ន វាសនា ទទួលលុយពីជនជាតិចិនថៃ ៧៧៤,០០០ដុល្លារ ដែលជាមេក្លោងក្រុម Online Scam ជាថ្នូររង់ការដោះលែងខុសច្បាប់បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួន។ នេះបើតាមរបាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលបានបង្ហាញនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាលើកទី២ អាណត្តិទី៤។
ក្រៅពីអធិការរងនគរបាលស្រុកបវេល អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានរកឃើញមនុស្សចំនួន៥នាក់ផ្សេងទៀត ដែលពាក់ព័ន្ធក្នុងករណីរត់ការដោះលែងក្រុម Online Scam នេះ ក្នុងនោះមានឈ្មោះ តាំង សំណាង ជាយោធា (មានខ្លួន), ឈ្មោះ ហេង សុខណា (គេចខ្លួន), ឈ្មោះ មុនី សុខដារ៉ូ (នគរបាលខេត្តកំពត គេចខ្លួន, ឈ្មោះ OVARARINT RAWI ជាថៅកែពួក Online Scams ចំនួន៤៣នាក់ ជាជនជាតិថៃ និងជាអ្នកចំណាយលុយ ៧៧៤,០០០ដុល្លារ រត់ការដោះលែងកូនចៅ (គេចខ្លួន) និងឈ្មោះ SRIPHAN SUPARP ជនជាតិថៃ (គេចខ្លួន)។
បើតាមអង្គភាពប្រឆាំងអំពើពុករលួយ, ករណីនេះ បានកើតឡើងតាំងពីខែឧសភា ឆ្នាំ២០២៥មកម្លេះ ពោលនៅពេលនគរបាលជាតិ តាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ សហការជាមួយមូលដ្ឋានបានចុះប្រតិបត្តិការរដ្ឋបាល ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ នៅក្រុងប៉ោយប៉ែត ហើយរកឃើញអ្នកចូលមកស្នាក់នៅ ព្រមទាំងធ្វើការខុសច្បាប់ជាច្រើននាក់ ក្នុងនោះជនជាតិថៃ ៤៣នាក់ (ស្រី២០នាក់) ដែលធ្វើការបោកប្រាស់តាមអនឡាញ។
ជាគោលការណ៍ នគរបាលជាតិ នឹងត្រូវបណ្តេញអ្នកឆបោកទាំងនោះចេញពីកម្ពុជា បញ្ជូនទៅប្រទេសវិញ។ ថៅកែទីតាំង Online Scams ជាជនជាតិថៃឈ្មោះ OVARARINT RAWI តាមរយៈមេការជនជាតិថៃម្នាក់ឈ្មោះ SRIPHAN SUPARP បានចំណាយប្រាក់រត់ការដើម្បីសុំឲ្យមានការដោះលែងជនជាតិថៃ ៤៣នាក់ ពីការឃុំឃាំង និងសុំកុំឲ្យបញ្ជូនទៅថៃវិញ ព្រមទាំងអនុញ្ញាតឲ្យបាននៅក្នុងប្រទេសកម្ពុជា បន្តធ្វើការវិញដដែល ដោយចំណាយប្រាក់ជាច្រើន។
ការរត់ការនេះត្រូវបរាជ័យ ព្រោះនគរបាលជាតិ មិនអាចសម្របសម្រួលឲ្យ ហើយត្រូវចាប់បណ្តេញចេញពីកម្ពុជានៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ (៦ថ្ងៃក្រោយ) ព្រមទាំងរឹបអូសបានប្រាក់រត់ការ ២០០,០០០ដុល្លារអាមេរិក ជូនមកតុលាការ។ ដោយសាររឿងនេះជារឿងរត់ការតុលាការបញ្ជូនសំណុំរឿងនេះ មកអង្គភាពប្រឆាំងអំពើពុករលួយជាសមត្ថកិច្ចវិញ។
អង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញថា វរសេនីយ៍ វ៉ន វាសនា អធិការរងនគរបាលស្រុកបវេល ជាអ្នករត់ការសូកប៉ាន់ បានទទួលប្រាក់ចំនួន៧៧៤,០០០ដុល្លារអាមេរិក (ម្នាក់១៨,០០០ដុល្លារអាមេរិក) ពីឈ្មោះ OVARARINT RAWI ជាជាតិថៃ ជាថៅកែពួក Online Scams ៤៣នាក់នោះ ដើម្បីរត់ការដោះលែងកូនចៅរបស់ខ្លួនតាមរយៈជនជាតិថៃមួយរូបទៀតឈ្មោះ SRIPHAN SUPARP។
នៅយប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ឈ្មោះ វ៉ន វាសនា បានប្រគល់ប្រាក់២៨៤,០០០ដុល្លារ ឲ្យទៅឈ្មោះ ហេង សុខណា នៅខេត្តកំពត ដើម្បីរត់ការសូកប៉ាន់ដែលមានឈ្មោះ មុនី សុខដារ៉ូ ជាអ្នកឃុបឃិត និងជួយលាក់បាំងពីការផ្ទេរប្រាក់។ ក្រោយពីមានភស្តុតាងគ្រប់គ្រាន់ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនជនសង្ស័យប៉ុនប៉ងសូកប៉ាន់៦នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ។
អង្គភាពប្រឆាំងអំពើពុរលួយ កំពុងបន្តរកឃាត់ខ្លួនជនជាប់ចោទ៤នាក់ទៀត ខណៈឈ្មោះ ហេង សុខណា និងឈ្មោះ មុនី សុខដារ៉ូ ដែលអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនបាននៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ពីបទប៉ុនប៉ងសូកប៉ាន់ដោះលែងពួក Online Scams ហៅ Call Center ហើយនៅសល់តែ ២រូបទៀត ដែលពុំទាន់ចាប់បានសុទ្ធតែជាជនជាតិថៃ ហើយជាម្ចាស់ Call Center៕
No comments:
Post a Comment