ខេត្តកំពង់ចាម÷អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ អញ្ជើញចុះពិនិត្យគម្រោងបំពាក់ម៉ូទ័របូមទឹកដើរដោយពន្លឺព្រះអាទិត្យ (សូឡា) ដើម្បីកាត់បន្ថយការចំណាយលើប្រេងឥន្ធនៈ ស្ថិតនៅស្ថានីយបូមទឹក ហ៊ុន សែន ទី១៥ ស្ថិតក្នុងភូមិបន្ទាយថ្មី ឃុំសំរោង ស្រុកព្រៃឈរ ក្នុងការសម្រួលដល់ការផ្គត់ផ្គង់ទឹកស្រោចស្រព សម្រាប់បម្រើតម្រូវការរបស់ប្រជាកសិករក្នុងតំបន់។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចាត់ឱ្យមន្ត្រីជំនាញ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ធ្វើយ៉ាងណាត្រូវធានាឱ្យមានទឹកផ្គត់ផ្គង់ស្រោចស្រពលើដីស្រែរបស់ប្រជាកសិករ ប្រមាណ ៩០០ ហិកតា តាមបណ្ដោយប្រព័ន្ធធារាសាស្ត្រនេះ ឱ្យមានទឹកគ្រប់គ្រាន់តាមតម្រូវការ ដើម្បីបង្កើនវិសាលភាពជូនប្រជាកសិករបង្កបង្កើនផលបានច្រើន និងធ្វើឱ្យសេដ្ឋកិច្ចក្នុងតំបន់មានការរីកចម្រើនបន្ថែមមួយកម្រិតទៀត។
ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្តកំពង់ចាម ក៏បានជំរុញឱ្យពង្រីកវិសាលភាពការផ្គត់ផ្គង់ទឹកនេះ បន្តរហូតទៅដល់ស្រុកជើងព្រៃ ដើម្បីបម្រើការដាំដុះលើផ្ទៃដីប្រមាណជា ២ ម៉ឺនហិកតា បន្ថែមទៀត។ ពោលគឺ ត្រូវធានាឱ្យមានទឹកគ្រប់គ្រាន់ សម្រាប់ការបង្កបង្កើនផលក្នុងមួយឆ្នាំឱ្យបាន ៣ ដង។ ទន្ទឹមនោះ ត្រូវចងក្រងសហគមន៍ប្រើប្រាស់ទឹកឱ្យបានច្បាស់លាស់ ដើម្បីគ្រប់គ្រង និងបែងចែកទឹកប្រកបដោយប្រសិទ្ធភាពខ្ពស់ផងដែរ៕


















No comments:
Post a Comment