ពិតជាមិនធម្មតាមែន សំណង់អាគារ សាងសង់បាន៥០ភាគរយហើយ ទើបទៅសុំច្បាប់សាងសង់ - សារព័ត៍មាន កោះពេជ្រ
www.kohpichtvonline.com.kh /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 012411800 /រក្សាសិទ្ធគ្រប់យ៉ាង ដោយបណ្តាញសារព័ត៍មាន កោះពេជ្រ

Breaking

ពិតជាមិនធម្មតាមែន សំណង់អាគារ សាងសង់បាន៥០ភាគរយហើយ ទើបទៅសុំច្បាប់សាងសង់

 



កណ្តាល÷សំណង់អាគារ រោងចក្រ១កន្លែង នៅស្ថិតក្នុង ភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល កំពុងដំណើរការយ៉ាងរលូនដែលមានកម្មករប្រមាណជិត ៥០នាក់ ក្នុងនោះ មានជនបរទេសជាជនជាតិបង់ក្លាដែសជាង២០នាក់។សូមជម្រាបថាអាគាររោងចក្រ បានសាងសង់ ដំណើរការបានជាង ៥០% ហើយ ស្របពេលដែល ប្រជាពលរដ្ឋនៅក្នុងសហគមន៍ខាងលើ បានលើកឡើងថា ទំនងពុំទាន់មានច្បាប់ សាងសង់នោះទេ! ប៉ុន្តែមន្ត្រីនៅរក្នុងដ្ឋបាលស្រុកស្អាង បានបញ្ជាក់ថា នេះគឺជាការយោគយល់ដើម្បីទាក់ទាញការវិនិយោគ។


មេការនៅក្នុងការដ្ឋានផ្ទាល់ បានប្រាប់អ្នកកាសែតនៅថ្ងៃទី២២ខែមករាឆ្នាំ២០២៦នេះថា ថៅកែអាគាររោងចក្រខាងលើគឺជាជនជាតិចិន បានចេញទៅក្រៅប្រទេសបាត់ហើយ ហើយសំណង់នេះ ក៏មិនទាន់មានការអនុញ្ញាតច្បាប់ ជាផ្លូវការនៅឡើយដែរ។ យ៉ាងណាទៀតនោះ ខាងកម្មករដឹងតែពីធ្វើការងារប៉ុណ្ណោះ។ បុរសដែលអះអាងថា ជាមេការទើបតែមកទទួលការងារបានរយៈពេល២ថ្ងៃបានបន្ថែមទៀតថានៅទីនេះមានកម្មករប្រហែលជិត៥០នាក់ ក្នុងនោះក៏មានជនជាតិ បង់ក្លាដែសជាង២០នាក់ផងដែរ។


លោកអ៊ឹម ប៊ុនថុល អភិបាលរងស្រុកស្អាងទទួលបន្ទុកការងារសំណង់ បានប្រាប់អ្នកកាសែតថា ក្រុមហ៊ុនសំណង់ខាងលើនេះ បានដាក់ពាក្យ សុំទៅដល់មន្ទីរជំនាញរួចហើយ ។ លោកអភិបាលរងបានបន្ថែមទៀតថា នេះគឺជាការ យោគយល់និងជាការលើកទឹកចិត្តដល់អ្នកវិនិយោគ។ ក៏ប៉ុន្តែថា តើរវាងការលើកទឹកចិត្ត និងការគោរពច្បាប់ ឲ្យបានម៉ឺងម៉ាត់នោះវាជារឿងខុសឆ្គងដែរឬទេ? លោកអភិបាលរងស្រុកបានបន្ថែមទៀតថា យើងត្រូវមានការលើក ទឹកចិត្តចំពោះការរកស៊ីនៅក្នុងប្រទេស។


មន្ត្រីនានានៅក្នុងខេត្តកណ្ដាលនិយាយថា អ្វីដែលជាការលើកឡើងរបស់មន្ត្រីរដ្ឋបាលស្រុកស្អាងនោះ មិនមែនជាការត្រឹមត្រូវទេ។ អ្វីដែលសំខាន់គឺត្រូវគោរពច្បាប់ឲ្យបានម៉ត់ចត់ហើយការសុំច្បាប់ដើម្បីសាងសង់ក៏មិនមែនជាបញ្ហាដែលត្រូវខកខានឬអូសបន្លាយនោះដែរ។ តើការលើកឡើងរបស់លោកអភិបាលរងស្រុកស្អាង ត្រឹមត្រូវដែរឬទេ? នេះវាអាស្រ័យទៅលើការវិនិច្ឆ័យរបស់ថ្នាក់ ដឹកនាំខេត្តកណ្ដាល និងក្រសួងមហាផ្ទៃតែប៉ុណ្ណោះ។ សម្រាប់ប្រជាជន នៅក្នុងស្រុកស្អាង មើលឃើញថា ក្រៅតែពីគំរូអាក្រក់ក្នុងការសាងសង់អាគារមិនទាន់មានច្បាប់ទម្លាប់ត្រឹមត្រូវនោះ បញ្ហាកម្មករដែលជាជនបរទេសក៏ជារឿងមួយដែលមន្ទីរជំនាញត្រូវពិនិត្យផងដែរ។ តើមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកណ្ដាលបានដឹងថា នៅ ក្នុងការដ្ឋានសំណង់ខាងលើ មានជនជាតិបង់ក្លាដេសច្រើនជាង២០នាក់កំពុងធ្វើការដែរឬទេ?៕

No comments:

Post a Comment

Pages