ខេត្តស្វាយរៀង÷ នៅថ្ងៃទី ១១ខែវិច្ឆិកា ឆ្នាំ២០២៥ រដ្ឋបាលក្រុងបាវិត បានចេញសេចក្តីជូនដំណឹង ស្តីពីការជួសជុលផ្លូវបេតុងមួយខ្សែប្រវង ៤០៣ម៉ែត្រ ស្ថិតនៅផ្លូវលំ ក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង រដ្ឋបាលក្រុងបាវិត មានកិត្តិយស សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងបាវិត ទាំងអស់ មេត្តាជ្រាបថា រដ្ឋបាលក្រុង នឹងធ្វើការជួសជុលស្ថាបនា ផ្លូវបេតុងមួយខ្សែប្រវែង ៤០៣ម៉ែត្រ ទទឹង ០៨ម៉ែត្រ កម្រាស់ ០.១៨ម៉ែត្រ ស្ថិតនៅផ្លូវលំ ក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយមានការចូលរួមគាំទឧបត្ថម្ភថវិកាពីសប្បុរសជននានាក្នុងក្រុងបាវិត ។
ក្នុងន័យនេះ រដ្ឋបាលក្រុងបាវិត សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកំពុងរស់នៅតាមបណ្ដោយផ្លូវខាងលើ មេត្តារុះរើរបង សំយ៉ាប ឬសំណង់ផ្សេងៗ ដែលរំលោភលើដីចំណ ផ្លូវសាធារណៈរបស់រដ្ឋ យ៉ាងយូរក្នុងរយៈពេល ០៧ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ក្នុងករណីដែល បងប្អូនប្រជាពលរដ្ឋ មិនអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងខាងលើ រដ្ឋបាលក្រុង នឹងចាត់វិធានការរុះរើ ឈូសឆាយរាល់សំណង់ដែលសង់នៅលើដីចំណីផ្លូវ ដោយមិនទទួលខុសត្រូវលើការខូចខាតឡើយ។
ម៉្យាងវិញទៀត ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងការជួសជុលផ្លូវខាងលើប្រព្រឹត្តទៅដោយរលូន និងឆាប់រហ័ស រដ្ឋបាលក្រុង នឹងផ្អាកការដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅលើផ្លូវនេះ ចាប់ពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ រហូតដល់ការ ស្ថាបនាជួសជុលរួចរាល់ជាស្ថាពរ ។ រដ្ឋបាលក្រុងបាវិត សង្ឃឹមយ៉ាងជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមសហការ អនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះ ប្រកបដោយស្មារតីយោគយល់ និងទទួលខុសត្រូវខ្ពស់ ៕



No comments:
Post a Comment